Saturday, January 30, 2016

នី រតនា ​​​គ្រង​តំណែង​ម្ចាស់​ពាន Cambodian Idol


​​​            មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ដែល​​​​​​​​​​បេក្ខជន​​​វ័យ​​​​២១​ឆ្នាំ មក​ពី​​ស្រុកស្ទោង លោក​ ​នី រតនា បាន​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​Cambodian Idol  ក្នុង​រដូវ​កាល​ទី​​​១។ ក្នុង​ចំណោម​បេក្ខជន​​​៣​នាក់​ចុង​ក្រោយ ​​​​​​​លោក​​គឺ​ជា​បេក្ខជន​ដែល​មាន​​​​វ័យ​​​ក្មេង​ជាង​គេ ហើយ​ក៏​​ជា​​​​​​​​បេក្ខជន​​ដែល​​មាន​​ទឹក​ដម​សំឡេង​​​ខ្ពស់និង​​​​​​​ផ្អែម​​ពីរោះ​បាន​គ្រប់​ប្រភេទ​បទ​។ មុន​បោះ​ជំហាន​​​​​​​​ចូល​ក្នុង​កម្មវិធី​​Cambodian Idol  ​លោក​​គឺ​ជា​​​​​​​​​អ្នក​ចម្រៀង​ ​ប្រចាំ​នៅ​​ក្នុង​​​​​រង្គសាល​មួយ ដោយ​​​ធ្លាប់​​​បង្ហាញ​ខ្លួន​​នៅ​ក្នុង​​កម្មវិធី​ប្រលងចម្រៀង​​​​​​​​​​កន្លង​មក ហើយ​បាន​ទទួល​ជោគជ័យ​​កាល​ពី​​មុន។ ​​​​លោក​​​បាន​​​​ឆ្លង​កាត់​ការ​ប្រកួត​ប្រចាំ​ខេត្ត​កំពង់​ធំ​​និង​​បាន​ឆ្លង​​​​ផុត​​​ការ​​ប្រកួត​ជម្រុះ​​​​​​ច្រើន​​​វគ្គ​ច្រើន​លើក មុន​នឹង​ក្លាយ​ជា​​​​​​​​​​ម្ចាស់​ពាន​​​​​​​​នៅ​វគ្គ​ចុង​ក្រោយ​​​​​​ក្នុង​កម្មវិធី​​Cambodian Idol ។
នៅ​ទី​បំផុត​​​ការ​ប្រកួត​ដ៏​មាន​ប្រជាប្រិយភាព​​​​​ Cambodian Idol  ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​យប់​ថ្ងៃ​​អាទិត្យ​ទី​​១ ​វិច្ឆិកា ​​​​ ដោយ​​បេក្ខជន​មក​ពី​ខេត្ត​កំពង់​ធំ​ លោក នី រតនា ​​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ពី​ការ​ប្រកួត​នេះ​។ ជ័យ​ជម្នះ​របស់លោក​​​បាន​ទទួល​ការ​​អបអរ​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​អាច​យក​ឈ្នះ​លើ​បេក្ខជន​ដែលមាន​សមត្ថភាព​​​​​​ចំនួន​​២​រូប​ទៀត​។
​​​ក្នុង​កា​រប្រឡ​ង​​ចុង​​បញ្ចប់ដែល​តម្រូវ​​ឲ្យ​បេក្ខជន​នីមួយ​ៗ​​​​បកស្រាយ​ចម្រៀង​​​​​​៤ជុំ​​​​​​​​​​​​​​​​​នោះ លោក​បក​​ស្រាយ​បទ​បើក​​​​ឆាក​ក្រោម​ចំណង​ជើង​ថា«​​សម្រស់​​បុប្ផាកំពង់​ធំ​» ​​​​​​ដែល​តម្រូវ​ដោយ​កម្មវិធី​។ ​ក្នុង​ជុំ​ទី​​​​​២ ​​លោក​​បក​ស្រាយ​បទ«​ស្រឡាញ់​អូន​មិន​ខ្វល់​ពី​​​អារម្មណ៍​អ្នក​ដទៃ​»។​ ​ជុំ​ទី​​​៣ បក​ស្រាយ​បទ​«​យុវ​ជន​ខូច​ចិត្ត​» និង​ជុំ​ទី​​​៤​​តម្រូវ​​​ឲ្យ​​​លោកបក​ស្រាយ​​​រួម​គ្នា​ជា​មួយ​បេក្ខជន​​​២​រូប​ទៀត​​ក្រោម​ចំណង​ជើង​ថា «​​ក្រោក​ឈរ​» ​​​​​​ដោយ​បទ​ចម្រៀង​​ទាំង​​​៤​ត្រូវ​បាន​គណៈ​កម្មការ​​​ទាំង​​​៤ ​កោត​សរសើរ​ពី​បច្ចេកទេស​ ​សំឡេងរបស់​ម្ចាស់ជ័យ​លាភី​រូប​នេះ​យ៉ាង​ខ្លាំង​​។ ​
​​លោក នី រតនា ​​ទទួល​បាន​​​​​​​ប្រាក់​រង្វាន់​ចំនួន​​​​​១០០​លាន​រៀល ប្រហាក់​ប្រហែល​នឹង​​២៥.០០០​ដុល្លារ ព្រម​ជា​មួយ​​កិត្តិយ​ស​ក្នុង​នាម​ជា​​​​​ម្ចាស់​ពានCambodian Idol ក្នុង​រដូវ​កាល​ទី​១។ ​ក្រៅ​ពី​នោះ​ក៏​បាន​​​​ទទួល​​ទឹក​ប្រាក់​​ឧមត្ថម្ភពី​ក្រុម​​​​​​​ហ៊ុន​ដែល​ជា​​អ្នក​​​គាំទ្រ​កម្មវិធី​ចំនួន​​​​​២.៥០០​ដុល្លារនិង​ពី​​អគ្គ​នាយក​ទូរទស្សន៍​ហង្ស​មាស​​ចំនួន​​​១ពាន់​​ដុល្លារ​បន្ថែម​ទៀត​។  សរុប​ទឹម​ប្រាក់​ដែល​បាន​ទទួល​ពី​កា​រប្រឡ​ង​នេះគឺ​​​​​២៨.០០០​ដុល្លារ​។  ​​​​​​​​​​​​​​លោក​ក៏នឹង​ក្លាយ​ជា​តារាចម្រៀង​កុង​ត្រា​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​​​​​​​​ ​ព្រម​ជា​មួយ​តំណែង​​​​​​​​​​​​​​ជា​​​​​​​​​​សមាជិក​មួយ​រូប​​របស់​កម្មវិធី​Idol របស់ពិភព​​លោក​​​ផងដែរ​។ ​


ជ័យ​ជម្នះ​របស់​​​​​លោក​បាន​រុញ​ច្រាន ​​បេក្ខជន​​​២​រូប​ទៀត គឺ​សៅ ឧត្តម មក​ពី​ខេត្ត​​​​​​​​​កំពង់​ចាម ​​និង​​​​​​​ម៉ៅ ហាជី មក​ពី​ខេត្ត​បាត់​ដំបង ​ត្រូវ​​​របូត​​តំណែង​​ជា​ម្ចាស់​ពាន​និង​ទទួល​បាន​​ទឹក​​​​​​​​​​១០០​លាន​រៀលដែល​ជា​ក្ដី​ស្រម៉ៃ​។ ​​​បេក្ខជន​​​ទំាង​ពីរ​នេះក៏​ជា​អ្នក​ចម្រៀង​ប្រចាំ​ក្នុង​​រង្គសាល​​ដូច​គ្នា​​នឹង ​​​​នី រតនា ​​​មុន​​​​​ហក់​ចូល​មក​ប្រឡ​ង​​ក្នុង​កម្មវិធី​​​​Cambodian Idol នេះ​។ យ៉ាង​ណា​មិញ ទាំង​​​ម្ចាស់​ជ័យ​លាភី និង​​បេក្ខភាព​​​​២​រូប​ដែល​​មិន​បាន​ទទួល​ចំណាត់​ថ្នាក់ ​​ នឹងត្រូវ​​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​​របស់​ផលិតកម្ម​ហង្ស​មាស​​​​​​​​មិន​ខុស​គ្នា​នឹង​​​​​បេក្ខភាព​មិន​​បាន​​ជាប់​លេខ​របស់​កម្មវិធី The Voice Cambodia នោះ​ទេ។ ​អ្នក​​​ធ្លាក់​ទាំង​ពីរ​ទទួល​បាន​​​ទឹក​ប្រាក់ឧបត្ថម្ភ​​ក្នុង​ម្នាក់​ៗ​​៣ពាន់​ដុល្លារ។ ​
​លោក​​​​​​​​ អ៊ឹង សុខលី​ ​អគ្គនាយក​រង​ទូរទស្សន៍​ហង្ស​មាស និង​​​ជា​​​​​​ទទួល​បន្ទុក​កម្មវិធី​​ដ៏​ធំនេះ បាន​អះ​អាង​ថា Cambodian  Idol  គឺ​ជា​កម្មវិធី​ដែល​ទូរទស្សន៍​ហង្ស​មាស​​​ទិញ​សិទ្ធិ​ផ្ដាច់​មុខ​ពី​ប្រទេស​អង់គ្លេស​​​​​។ នេះក៏ជា​​​​កម្មវិធីដែល​លោក​ចាត់​ទុក​ថា​បាន​ទទួល​ជោគជ័យ​​​​​ ​នៅ​គ្រប់​ស្រទាប់​វណ្ណៈ​​​​​ ​​បន្ទាប់​ពី​​​​កម្មវិធី​ក៏​បាន​ទទួល​ការ​​​​​​ចាប់​អារម្មណ៍​ពី​​លោក​​​​នាយក​រដ្ឋមន្ត្រី​​​​​ និង​​​​​​​អ្នក​នយោបាយ​​​​​​​​​​​​។ ​​ជា​មួយ​គ្នា​នោះ លោក​​​​ក៏​អះ​អាង​ថា ​​បេក្ខភាព​​​​នៅ​វគ្គ​ចុង​ក្រោយ មិន​ថា​​​​​តែ​​​​​ម្ចាស់​ជ័យ​លាភី​​​គឺ​ នី រតនា ឬ​​ ​​បេក្ខភាព​​​​​​​​​​២រូប​​ផ្សេង​ទៀត នឹង​ក្លាយ​ជា​​​​តារា​ចម្រៀង​​​​ប្រចាំ​នៅ​​​​​ផលិតកម្ម​ហង្សមាស​ក្នុង​ពេល​បន្ទាប់​។ លោក​​បាន​​​​​កោតសរសើរ​ចំពោះ​​​មហាជន​​​​​​​​​​​​​នៅ​ទូទាំង​ប្រទេស ដែល​បាន​គាំទ្រ​​កម្មវិធី​មួយ​នេះ​យ៉ាង​ពេញ​ទំហឹង​​តាំង​ពី​វិនាទី​ចាប់​ផ្ដើម៕

0 comments:

Post a Comment